Saturday, May 4, 2013

ថ្មីៗ​នេះ​មាន​ពាក្យ​ចចាមអារ៉ាម​ថា ​ក្រុមហ៊ុន​ Nokia នឹង​ចេញ​ទូរស័ព្ទ​ទំនើប​​ប្រកួត​នឹង​ Galaxy Note របស់ Samsung ​។ ដោយ​ឡែក​បន្ទាប់​ Mobile Today បាន​ធ្វើ​ការ​សិក្សា​ទៅ​​លើ​​ប្រភព​​​ពាក្យ​ចចាមអារ៉ាម​​ពី​មុន​នោះ​​ពួក​គេ​បាន​​អះអាង​​ថា ពាក្យ​ចចាមអារ៉ាម​​ទាំង​នោះ​គឺ​អាច​ជា​ការ​ពិត ។ បើ​យោង​ទៅ​តាម​ប្រភព​ពាក្យ​​ចចាមអារ៉ាម​​របស់ Mobile Today ​ក្រុមហ៊ុន​ Nokia ​​​ប្រហែល​ជា​កំពុង​តែ​ត្រៀម​ ​នឹង​ប្រកាស​ចេញ​​ទូរស័ព្ទ phablet នោះ​​នា​ត្រីមាស​ទី​ ៤ ឆ្នាំ​នេះ​ហើយ ​ជា​មួយ​នឹង​អេក្រង់​ទំហំ​ 6-inch គឺ​ធំ​ជាង​ Galaxy Note II បច្ចុប្បន្ន ។


យ៉ាង​ណា​មិញ​ប្រភព Mobile Today ក៏​បាន​​​​ការ​សិក្សា​ឃើញ​បន្ថែម​​ថា ​ទូរស័ព្ទ​ប្រភេទ phablet របស់​ក្រុមហ៊ុន Nokia នោះ​​នឹង​មាន​​តម្លៃ​ចន្លោះ​​ចាប់​ពី $621 ទៅ $777 ដែល​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា ​ទូរស័ព្ទ​នោះ​គឺ​​ជា​​​ផលិតផល​​មាន​ទាំង​តម្លៃ និង​គុណភាព​ខ្ពស់ ។ ​

គួរ​រំលឹក​ផង​ដែរ​ថា ចំពោះ​ទូរស័ព្ទ​ទំនើប​មាន​អេក្រង់ 5-inch Full HD ក្រុមហ៊ុន HTC ធ្លាប់​បាន​ខក​ចិត្ត​ទៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Windows Phone ម្ដង​រួច​ទៅ​ហើយ ដោយ​ហេតុ​ថា ប្រព័ន្ធ​ប្រតិបត្តិការ​នេះ​គឺ​មិន​អាច​​ដំណើរការ​បាន​​នៅ​លើ​ទូរស័ព្ទ​​ដែល​មាន​អេក្រង់​​អាច​បង្ហាញ​កម្រិត​ភាព​ច្បាស់ 1080p ឬ Full HD ។ ប៉ុន្តែ​​គេ​សង្ឃឹម​ថា ​ជា​មួយ​នឹង​កំណែ Windows Phone ថ្មី​​ដែល​ក្រុមហ៊ុន Microsoft ​បាន​ខិត​ខំ​ធ្វើ​​ វា​នឹង​អាច​ដំណើរការ​ជា​មួយ​នឹង​ទូរស័ព្ទ​មាន​អេក្រង់ 6-inch Full HD ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​ ៕